នាយកដ្ឋានព័ត៌មានវិទ្យា៖ បទល្មើស "បរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម - Social Media Defamation"
នាយកដ្ឋានព័ត៌មានវិទ្យា៖ ដូចបានចុះផ្សាយកាលពីសប្តាហ៍មុនអំពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ធំៗទាំង០៥ ដែលកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះក្រុមការងារបច្ចេកទេសសូមធ្វើការបកស្រាយអំពីបទល្មើស "បរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម - Social Media Defamation" ចែកជូនបងប្អូនប្រជាពលរដ្ឋជ្រាប និងចូលរួមទប់ស្កាត់។
ការបរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម គឺជាការចុះផ្សាយ ការចែករំលែក ខ្លឹមសារ អត្ថបទ រូបភាព វីដេអូ ប្រឌិតក្នុងចេតនាមួលបង្កាច់ ឬបង្ខូចប្រឆាំងនឹងបុគ្គល ក្រុមហ៊ុន ឬស្ថាប័ន ដោយប្រើប្រាស់មធ្យោបាយ ដូចខាងក្រោម៖
- បណ្តាញទំនាក់ទំនងសង្គម (Facebook Twitter Instagram ឬ Youtube ជាដើម)
- បណ្តាញផ្សព្វផ្សាយគេហទំព័រ (គេហទំព័រ វេទិការអេឡិចត្រូនិក ឬ Blog ជាដើម)
- កម្មវិធីផ្ញើសារអេឡិចត្រូនិក (Messenger WhatsApp Telegram Line ឬ WeChat ជាដើម)
ភាគច្រើននៃអ្នកប្រព្រឹត្តិបទល្មើសខាងលើ តែងតែយល់ថា ការចុះផ្សាយ ឬការចែករំលែក ខ្លឹមសារ អត្ថបទ រូបភាព វីដេអូ ដែលបានបរិហារកេរ្តិ៍បុគ្គល ក្រុមហ៊ុន ឬស្ថាប័ន គឺជាសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែពួកគាត់ពុំបានស្វែងយល់អំពីប្រភព និងផ្ទៀងផ្ទាត់សច្ច:ភាពនៃព័ត៌មាន ដែលខ្លួនបានចែករំលែក ឬបង្ហោះនោះឡើយ។
ដូច្នេះដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើស "បរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម - Social Media Defamation" គឺផ្តើមចេញពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយប្រកាន់ខ្ជាប់នូវការចុះផ្សាយ ការបង្ហោះ អត្ថបទ រូបភាព វីដេអូ ដែលមានប្រភពច្បាស់លាស់ មានខ្លឹមសារស្ថាបនា និងប្រកបដោយសេចក្តីថ្លៃថ្នូរ។
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៖
- មាត្រា ៣០៥ "បទបរិហារកេរ្តិ៍ជាសាធារណ:" បានចែងថា៖ គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ និងត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។
- មាត្រា ៥០២ "បទប្រមាថ" បានចែងថា៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណ: ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណ:ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១.០០០ (មួយពាន់) រៀល ទៅ ១០០.០០០ (មួយសែន) រៀល។
#OnlineDefamation #NegativeStatement #FalseStatement
#FakeNews #SocialMedia #ITDepartment #MoI